ប្រភពដែលគួរឱ្យទុកចិត្តបានមកពីក្លិបបាល់ទាត់ខេត្តស្វាយរៀង បានបង្ហើបប្រាប់ Sabay នៅល្ងាចម្សិលមិញថា ៖«សប្បាយចិត្តដែលឃើញកីឡាករគ្នាមានការចាប់អារម្មណ៍ច្រើន មិនដូចជំនាន់ខ្ញុំទេ គ្មានអ្នកមើលមុខឡើយ»។ លោកថា ខាងក្រុមហ៊ុនទាក់ទងមកខ្សែប្រយុទ្ធនេះផ្ទាល់ ដើម្បីដើរតួក្នុងសាច់រឿងគេ តែកីឡាករនៅមិនហ៊ានសម្រេចភ្លាមៗ នោះទេរង់ចាំសុំទៅថ្នាក់ដឹកនាំក្លិបសិន ព្រោះខ្លាចប៉ះពាល់ដល់ពេលវេលាហ្វឹកហាត់ និង ពេលប្រកួតជាដើម។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថា ខាងថ្នាក់ដឹកនាំក្លិបក៏មិនរារាំងអ្វីនោះដែរ មានតែលើកទឹកចិត្តបន្ថែមឱ្យ ប្រាក់ មុន្នីឧត្តម គិតពីបញ្ហាគឺផលប្រយោជន៍ផ្ទាល់ខ្លួនដោយទី១ ផ្ដោតលើជីវភាពរបស់កីឡាករ ទី២ មានក្តេរិ៍ឈ្មោះចេញពីបាល់ទាត់រហូតដល់ថតកុន។
លោកមិនបានចាំពីឈ្មោះរបស់ក្រុមហ៊ុនផលិតភាពយន្តនោះទេ គ្រាន់តែចាំថាភាគច្រើនសហការជាមួយបរទេស។ ក្រុមហ៊ុននេះនឹងទៅចរចាផ្ទាល់មាត់ជាមួយ ប្រាក់ មុន្នីឧត្តម ដល់ទីលានហ្វឹកហាត់របស់ក្លិបក្នុងសង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ មិថុនា ស្អែកនេះ។
កីឡាករ ប្រាក់ មុន្នីឧត្តម បានបង្ហាញខ្លួនដំបូងជាមួយក្រុមឈុតធំរបស់ព្រះខ័នរាជ (បច្ចុប្បន្នស្វាយរៀង) នៅពានរង្វាន់ Hun Sen Cup ឆ្នាំ ២០០៧ ដែលជាឆ្នាំដំបូង តែកាលនោះត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ។ ក្រៅពីជួយក្លិបខេត្តស្វាយរៀង លើកពាន Hun Sen Cup កាលពីដើមឆ្នាំ រូបគេក៏ឈ្នះស្បែកជើងមាសនៅគ្រានោះដែរ។ នាពេលថ្មីៗនេះ ប្រាក់ មុន្នីឧត្តម បានជាប់ឈ្មោះធ្វើជាប្រធានក្រុម U-23 កម្ពុជា ក្នុងស៊ីហ្គេមនៅសិង្ហបុរី ព្រមទាំងបង្ហាញទម្រង់លេងសហការជាមួយមិត្តរួមជាតិគួរឱ្យកត់សម្គាល់ទៀតផង៕


Post a Comment