GuidePedia

0
តាម​ព័ត៌មាន ឌុច លីដា បាន និង​កំពុង​តែ​ថត​រឿង​ថ្មី​មួយ​គឺ​រឿង​ឲ្យ​ផលិតកម្ម Rockហើយ​នៅ​ក្នុង​នោះ​មាន​លាយ​នូវ​ឈុត​សិចស៊ី​សា​ជា​ថ្មី​ម្តង​ទៀត និង​មិន​ចាញ់​រឿង​មុន​ឡើយ ដោយ​រឿង​នេះ មាន​ចំណង​ជើង​ថា “Uninvited”។ នេះ​បើ​តាម អ្នក​ស្រី គឹម ចាន់​ថង អ្នក​គ្រប់​ការ​ផលិត​រឿង និង​ជា​ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿង​លោក  Jimmy Henderson ​។

ជំនួយការ​រូប​នេះ បាន​ប្រាប់​ទៀត​ថា មូលហេតុ​ដែល​ខាង​ផលិត​កម្ម​ជ្រើស​រើស​យក ឌុច លីដា មកសម្ដែង​ព្រោះ​ទម្រង់​មុខ រាង​ស្រទន់​ស័ក្ដិសម​ជាមួយ​នឹង​សាច់​រឿង។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​តារា​ស្រី​រូប​នេះ ហ៊ាន​ថត​ឈុត​លក្ខណៈ​សិចស៊ី​។

អ្នក​ស្រី​ បាន​បន្ថែម​ទៀត​ថា៖”នៅ​ក្នុង​សាច់​រឿង​​ឈុត​ឆាក​សិចស៊ី​ហ្នឹង​មិន​មែន​ជា​លក្ខណៈ​ត្រេក​ត្រអាល​អី​នោះ​ទេ​គ្រាន់​តែ​ជា​បែប​ធម្មជាតិ​ថត​នៅ​ទឹក​ជ្រោះ​ឃើញ​តែ​ខ្នង​ប៉ុណ្ណោះ។ ចំពោះ​ឈុត​អាក្រាត​កាយ​ហ្នឹង គឺ​យើង​យក​​តួ​ផ្សេង​មក​ជំនួស​​គួប​ផ្សំ​នឹង​ការ​កាត់​ត​​បច្ចេកទេស​ថត​ផង​ដែរ​”។

ពាក់​ព័ន្ធ​បញ្ហា​នេះ​ដែរ សាមី​ខ្លួន​បាន​ប្រាប់ Sabay ថា​រឿង​ថ្មី​ដែល​រូប​នាង​បាន​ថត​នេះ​គឺ​មាន​លាយ​ឡំ​នូវ​ភាព​សិចស៊ី​ខ្លះ​ៗ​ប៉ុន្តែ​អាច​ទទួល​យក​បាន៖ “ចាស​បង​រឿង​ថ្មី​ហ្នឹង​មាន​ឈុត​សិច​ស៊ី​ដែរ​ហើយ​ឈុត​ខ្លះ​លក្ខណៈ​អាក្រាត​កាយ​ទៀត​ណា​បង​ប៉ុន្តែ​ត្រូវ​ជំនួស​ដោយ​អ្នក​ផ្សេង​គ្រាន់​តែ​ដាក់​មុខ​ខ្ញុំ​ជំនួស​វិញ​​”។



និយាយ​ពី​ចំណង​ជើង ” Uninvited” វិញ ជំនួយ​ការ​ខាង​លើ​បាន​បក​ស្រាយ​ផង​ដែរ​ថា​តួ​ស្រី ឌុច លីដា មិន​មែន​ជា​តួ​អង្គ​មនុស្ស​ទេ គឺ​ជា​ព្រលឹង​មួយ​ដែល​មិន​មាន​អ្នក​ណា​អញ្ជើញ​រូប​នាង​ឲ្យ​មក​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ។ គឺ​នាង​មក​ដោយ​ខ្លួន​ឯង ប៉ុន្តែ​មិន​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ស្រុក​ទេ គឺ​មក​ដើម្បី​ជួយ​ឲ្យ​ភូមិ​ស្រុក​មាន​ភាព​រី​ក​ចម្រើន​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​នៅ​តែ​គិត​ថា លីដា ជា​ព្រាយ​បិសាច និង​មនុស្ស​ចង្រៃ​ដដែល។

” Uninvited” គឺ​ប្រភេទ​រឿង​ខ្នាត​ធំ​មួយ​ក្នុង​ចំណោម​៣​ប្រចាំ​ឆ្នាំ ២០១៥ របស់​ផលិតកម្ម Rock។ តាម​លោក យឹម សុ​សត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់ Rock រឿង​នេះ ជា​រឿង​ទី​២​បន្ទាប់​ពី “Before The Fall” និង​រឿង​ទី​៣ គឺ​រឿង “ចេនឡា២”។ លោក ប្រាប់​ទៀត​ថា “Uninvited” បាន​ចាប់​ផ្ដើម​ថត​តាំង​ពី​ថ្ងៃ​ទី ០៧ មិថុនា គ្រោង​នឹង​បញ្ចប់​នា​សប្ដាហ៍​ទី​១​នៃ​ខែ​កក្កដា​ខាង​មុខ​នេះ។ ដោយ​ឡែក ថ្ងៃ​ដាក់​បញ្ចាំង​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ក្រៅ​ពី ឌុច លីដា រឿង​នេះ មាន​ចូល​រួម​សម្ដែង​ដោយ សែម ឆវី ភរិយា សាវិន ហ្វីលីព ស៊ីសុវត្ថិ សេរីវុឌ្ឍ អឿ ដារ៉ា សុខ សុធន និង​តារា​ជា​ច្រើន​រូប​ទៀត៕

Post a Comment

 
Top